៧ចំណុច!! សម្រាប់អ្នកទើបចាប់ផ្តើមអាជីវកម្មថ្មីថ្មោង

         មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅ តើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។ ក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ ដូចនេះយើងត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។


ខាងក្រោមនេះគឺជាគំនិតនិងគោលការណ៍ជាមូលដ្ឋាន មួយចំនួនដែលអាចជួយសំរួលដល់ការបង្កើត អាជីវកម្មរបស់លោកអ្នកបាន។

១. ការចេះគិតមុនគូរ
        ត្រូវចាប់ផ្តើមពីការគិត  មុននឹងចេញសកម្មភាពអ្វីមួយ។ក្នុងរបរដែលយើងប្រាថ្នា យើងត្រូវចាប់ផ្តើមដោយ គំនិតគិតដល់របរនោះជាមុន។ គឺត្រូវផ្តើមចេញពីការស្រលាញ់ ព្រោះអាជីវកម្មថ្មីនោះវានឹងត្រូវប្រើប្រាស់ ពេលវេលា ប្រាក់កាក់ និងកំលាំងញើសឈាម របស់យើងជាច្រើន។ គំនិតអាជីវកម្មរបស់យើង គឺត្រូវកំណត់ទៅលើអ្វី (ទំនិញ ឬសេវាកម្ម) ដែលគេត្រូវការ ហើយគេហ៊ានធ្វើការ ចំណាយ ដែលទំនិញ ឬ សេវាកម្មទាំងនោះ មិនទាន់ មានផ្គត់ផ្គត់នៅឡើយក្នុងតំបន់របស់យើង ឬបើមានការ ផ្គត់ផ្គង់ហើយក៏ពិតមែន តែយើងអាចផ្គត់ផ្គង់បានល្អ ប្រសើរជាង។ តើទំនិញនោះពិតជាអាចធ្វើឲ្យគេហ៊ានចំណាយលើវាយ៉ាងពិតប្រាកដទេ និងជាប្រចាំទេ? តើរបរនោះវានឹងផ្តល់ប្រាក់ចំណេញសមរម្យ និងការចំណាយពេលវេលា និងដើមទុនទេ?តើយើងមានពេលវេលាគ្រប់គ្រាន់សំរាប់របរនេះទេ? បើទោះបីរបរយើងនេះវាមិនមែនជារបរថ្មីក៏ដោយ តែយើងត្រូវរកលក្ខណៈមួយយ៉ាងតិច ដែលដៃគូររបស់យើងគ្មាន ហើយលក្ខណៈនេះត្រូវតែល្អ។


២.រៀបចំផែនការអាជីវកម្ម
          ត្រូវធ្វើការសិក្សាពីដើមទុនឲ្យបានល្អិតល្អន់បំផុត ។ ទីមួយកំណត់ទីផ្សារគោលដៅច្បាស់លាស់។ តើមានមនុស្ស ប៉ុន្មាននាក់ នឹងទទួលយកទំនិញរបស់យើង? តើអ្នកទាំងនោះនឹងចំណាយប៉ុន្មានលើទំនិញយើង? បើការសិក្សាបង្ហាញថា លទ្ធភាពទទួលបានប្រាក់ចំនេញតិចពេកបើធៀបនឹងការចំណាយ នោះយើងគួរតែពិចារណាឡើងវិញ ឬក៏ដូរផែនការហើយ។ ទីពីរកំណត់ឧបសគ្គ ។ ត្រូវរៀបចំផែនការទុកជាមុនសម្រាប់បញ្ហាទាំងអស់ដែលអាចកើតមាននៅក្នុងដំណើរការអាជីវកម្ម។ វាយតម្លៃលើការប្រកួតប្រជែងរបស់យើង ឲ្យបានមុនពេលការប្រកួតប្រជែងមកដល់។ ប្រសិនបើចំណែកទីផ្សាររបស់គេ ឬការផ្គត់ផ្គង់រស់គេមានភាពខ្លាំងក្លា និងមានស្ថេរភាពទៀតនោះ យើងនឹងយ៉ាប់ខ្លួនហើយ។ ត្រូវដឹងថា គ្មានអ្នកណាចង់ដូរទៅទិញទំនិញដែលមានតំលៃស្មើឬថ្លៃជាង ទំនិញដែលគេកំពុងតែប្រើប្រាស់ក្នុងកំរិតគុណភាពដូចគ្នានោះទេ។ 



៣.ផែនការទីផ្សារ
         រឿងមួយដែលយើងត្រូវធ្វើក្នុងផែនការទីផ្សារនេះ គឺការសរសេរពីគំរោង កញ្ចប់ថរិការ ដែលត្រូវចំណាយលើការផ្សព្វផ្សាយ។ ប៉ុន្តែត្រង់នេះមានម្ចាស់អាជីវកម្មខ្លះមិនយកមកប្រើទេ វាមិនទាស់ខុសអីដែរ ព្រោះវាជាជម្រើសក្នុងការចាប់ផ្តើម។ រឿងបន្ទាប់គឺជ្រើសរើសវិធីផ្សព្វផ្សាយ ឲ្យស្របនឹងកញ្ចប់ថវិការដែលយើងបានគ្រោងទុក។ នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទកូវីត-19 មានក្រុមហ៊ុនជាច្រើនដែលចាំបម្រើជាសេវាកម្មទាក់ទងនឹងការផ្សព្វផ្សាយអាជីវកម្ម ជាពិសេសតាមអនឡាញ  ដែលមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអាជីវកម្មនីមួយៗ  ។ មិនខ្វល់ថាកញ្ចប់ថវិការយើងតូច ឬធំ ត្រូវផ្សព្វផ្សាយតាមបណ្តាញសង្គម ឬកញ្ចក់ទូរទស្សន៍នោះទេ តែត្រូវប្រាកដថាត្រូវតែធ្វើឲ្យមានប្រសិទ្ធិភាព ព្រោះវាជាផែនការដ៏សំខាន់  ។


៤.ផែនការហិរញ្ញវត្ថុ (លុយយកមកវិនិយោគ)
         លុយក៏ជាដួងព្រលឹងដ៏ធំមួយ នៅក្នុងអាជីវកម្មផងដែរ។ ដើម្បីឲ្យគ្រប់យ៉ាងអាចដំណើរការទៅបានយើងត្រូវការលុយ បើមិនដូចនេះទេអាជីវកម្មយើងនឹងក្លាយជាអាជីវកម្មមួយដែលមានតែសំបកខ្លួន ឬមានតែគំរោង។ ចុះបើអត់លុយ? ''ខ្ចីសព បញ្ចូលព្រលឹង'' ជាក្បួនសឹកសង្គ្រាមមួយដែលអាចយកមកអនុវត្ត ក្នុងសមរភូមិជំនួញបាន។កម្ចីពីធនាគារ ដើម្បីធ្វើអាជីវកម្មជាវិធីដ៏សាមញ្ញ ក្នុងការក្នុងការរំលេចអាជីវកម្មយើងឡើង។ តែត្រូវចេះស្វែងរកធនាគារដែលផ្តល់លក្ខខណ្ឌឲ្យយើងល្អបំផុត។ បើអត្រាការប្រាក់ខ្ពស់ ខ្ចីយកមកធ្វើអី?  


៥.រៀបចំរចនាសម្ព័ន្ធ
        ដំបូង រៀបចំការិយាល័យឬកន្លែងរកសុី។ គួរមានកន្លែងដ៏សម្យស្របមួយក្នុងការបំពេញការងារអាជីវកម្មរបស់យើង។  តែការរៀបចំត្រូវតែមាន។  យ៉ាងហោចណាស់ក៏មានប៊ិច បន្ទាត់ សៀវភៅដែរដើម្បីធ្វើកំណត់ត្រាចំណាយ ចំណូល។ តែកាន់តែល្អនោះគឺ ត្រូវមានវិក័្កយប័ត្រ Name card កុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនកូពី ទូរស័ព្ទ រថយន្ត ។ល។ តែសម្ភារះទាំងនេះក៏អាស្រ័យលើប្រភេទអាជីវកម្មយើងដែរ។ ការបង្កើតប្រព័ន្ធកត់ត្រា។ ចំនុចនេះមិនអាចលេងសើចបានទេ ត្បិតតែវាមើលទៅតូចតែវាពិតជាមានឥទ្ធិពលខ្លាំងណាស់លើលទ្ធផលចាញ់ ឈ្នះរបស់យើង។ ត្រូវតាមដាន ដើមទុនប៉ុន្មាន ចាយទៅលើអ្វីខ្លះ ជំពាក់គេប៉ុន្មានហើយ គេជំពាក់យើងប៉ុន្មានដែរ សាច់ប្រាក់នៅសល់ប៉ុន្មានដែរ ហើយទំនិញយើងគិតជាប្រាក់មានប៉ុន្មាន លក់ចេញបានប៉ុន្មាន ទិញចូលអស់ប៉ុន្មាន ចំណេញខាតប៉ុន្មាន។ ទាំងនេះសុទ្ធតែអ្វីដែលត្រូវកត់ទាំងអស់។


៦.កសាងអតិថិជនមូលដ្ឋាន
        ចូរកុំច្រឡំណាអតិថិជនមូលដ្ឋាននិងអតិថិជនគោលដៅមិនដូចគ្នាទេ។ការកសាងអតិថិជនមូលដ្ឋាន គឺយើងត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ ឬអាចនិយាយបានថាផ្សព្វផ្សាយដោយផ្ទាល់ មិនដូចអតិថិជនគោលដៅទេ ដែលត្រូវផ្សព្វផ្សាយដោយប្រយោល។ អតិថិជនមូលដ្ឋាន បង្កើតឡើងដើម្បីយកពួកគាត់មកធ្វើជាមូលដ្ឋានឈរជើងក្នុងទីផ្សារដូចនេះអតិថិជនមូលដ្ឋានគួរទទួលបានលក្ខខណ្ឌពិសេស ឬប្រយោជន៍ពិសេសណាមួយពីអាជីវកម្មរបស់យើង តែការផ្តល់ឲ្យនេះត្រូវមានអាថ៌កំបាំងជាទីបំផុត សំរាប់ពត៌មានទៅខាងក្រៅជាពិសេសគឺគូរប្រជែងរបស់យើង មួយវិញទៀតយើងមិនត្រូវឲ្យពួកគាត់ដឹងថា ពួគគាត់ជាអតិថិជនមូលដ្ឋាន (តួអង្គឯក) របស់យើងទេ។



៧. ចាប់ផ្តើមអនុវត្តផែនការ
        បន្ទាប់ពីបិទបញ្ចប់នៅទំព័រគ្រោងការ វាត្រូវចូលមកជំនួសវិញនូវការអនុវត្ត។ ត្រូវមានភាពច្បាស់លាស់ជាទីបំផុតនូវគ្រប់ចំនុចទាំង៦ខាងលើ។ ប្រសិនជាអាចមិនគួររំលងចំនុចណាមួយឡើង ជាពិសេសចំនុចទី៤ ហិរញ្ញវត្ថុ។ ត្រូវចាំថាលុយ ជាដួងព្រលឹងធំនៃអាជីវកម្មរបស់យើង អាជីវកម្មជោគជ័យក៏ព្រោះលុយ បរាជ័យក៏ព្រោះលុយ។ លុយអាចឲ្យយើងជោគជ័យ ហើយក៏អាចឲ្យយើងបរាជ័យបានដែរ។ ទឹកអាចបណ្តែតទូក ក៏អាចពន្លិចទូកបានដែរ។ ដូចនេះសូមប្រើប្រាស់លុយដោយប្រុងប្រយ័ត្នជាទីបំផុត៕


សង្ឃឹមថាអត្ថបទមួយនេះ អាចចែករំលែកចំណេះដឹងដល់ម្ចាស់អាជីវកម្ម ជាពិសេសអ្នកដែលទើបតែចេញរកសុីដំបូងអោយបានយល់កាន់តែច្បាស់ផងដែរ។

Comments